កម្លាំងគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថ បង្ក្រាបទូកដឹកទំនិញមួយគ្រឿងតាមសមុទ្រចេញពីថៃ រកឃើញកញ្ឆាក្រៀមជាង៦១គីឡូក្រាម និងសារធាតុផ្សំជាង៥០០គីឡូក្រាម





KCSM 2025-10-04 02-25pm
(កោះកុង)៖ តាមការណែនាំរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពី លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស កម្លាំងគយចល័ត ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយអាវុធហត្ថផ្ទៃប្រទេស និងអាវុធហត្ថខេត្តកោះកុង បានធ្វើការឃាត់ទូកដឹកទំនិញមួយគ្រឿងចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមផ្លូវសមុទ្រ ដោយបង្ក្រាបបានកញ្ឆាក្រៀមជាង៦១គីឡូក្រាម និងសារធាតុផ្សំផ្សេងទៀតជាង៥០០គីឡូក្រាម នៅចំណុចមុខព្រែកប៉ាក់ខ្លង ភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ការឃាត់ទូកឈើដឹកទំនិញចំនួន ១គ្រឿង ពេលកំពុងដឹកទំនិញចេញពីប្រទេសថៃ តាមផ្លូវទឹក (តាមសមុទ្រ) ចូលមកប្រទេសកម្ពុជា ដោយមានសង្ស័យទើបនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣៖០០នាទី កម្លាំងឆែកឆេរត្រួតពិនិត្យរាល់ឥវ៉ាន់ដែលមាននៅលើទូក។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា ដោយបានពិនិត្យឃើញជាក់ស្តែងរួមមាន៖
ទី១៖ សង្ស័យជាកញ្ឆាក្រៀម ចំនួន១២៤កញ្ចប់ (ធំ១២២កញ្ចប់, តូច២កញ្ចប់) ស្មើនឹង៦១.២០គីឡូក្រាម
ទី២៖ ម្ស៉ៅក្រាមពណ៌ស ចំនួន៤១០កញ្ចប់ធំ ស្មើនឹង៤១០គីឡូក្រាម
ទី៣៖ ម្ស៉ៅក្រាមពណ៌លឿង ចំនួន៤៤៩កញ្ចប់ (កញ្ចប់ធំ ៤២កញ្ចប់តូច ៤០៧) ស្មើនឹង៦០.៣០គីឡូក្រាម
ទី៤៖ ម្ស៉ៅក្រាមពណ៌ឈូក ចំនួន២២កញ្ចប់ធំ ស្មើនឹង២២គីឡូក្រាម
ទី៥៖ ម្ស៉ៅក្រាមពណ៌បៃតងស្រាល ចំនួន៦កញ្ចប់ធំ ស្មើនឹង៦គីឡូក្រាម
ទី៦៖ ម្ស៉ៅក្រាមពណ៌ត្រាវ ចំនួន២កញ្ចប់ធំ ស្មើនឹង២គីឡូក្រាម
ទី៧៖ ម្ស៉ៅក្រាមពណ៌ប្រផេះ ចំនួន១០កញ្ចប់ធំ ស្មើនឹង១០គីឡូក្រាម
ទី៩៖ ទំនិញចាប់ហួយមួយចំនួន។
ក្រោយពីកម្លាំងជំនាញយកសំណាកទៅធ្វើតេស្តពិសោធន៍រួចពិនិត្យឃើញថា មានកញ្ឆាក្រៀម ចំនួន១២៤កញ្ចប់ (ធំ ១២២កញ្ចប់ និងតូច ០២កញ្ចប់) ស្មើនឹង ៦១.២០គីឡូក្រាម ពិតជាកញ្ឆាពិតប្រាកដមែន។ ដោយឡែកម្សៅក្រាមចំនួន ៨៩៩កញ្ចប់ (ធំ ៤៩២កញ្ចប់ និងតូច ៥០៧កញ្ចប់) ស្មើនឹង ៥១០.៣០គីឡូក្រាម ពុំមានសារធាតុញៀនទេ គឺជាម្ស៉ៅសម្រាប់ធ្វើភេសជ្ជៈ។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅការិយាល័យ គយ និងរដ្ឋាករប៉ាក់ខ្លង ខេត្តកោះកុង ជាបណ្តោះអាសន្ន ចំណែកជនសង្ស័យកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី៕