ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះត្រួតពិនិត្យអាវុធ និងយុទ្ធោបករណ៍ ដែលចល័តពីព្រំដែនទៅដាក់ក្នុងបន្ទាយ

KCSM2025-11-04 01-49pm
(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះត្រួតពិនិត្យអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ដែលបានចល័តពីព្រំដែនចូលទៅបន្ទាយនៅខេត្តកណ្តាល។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៨៖៤០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកណ្តាល។
សូមរំលឹកថា អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ទាំងនេះត្រូវបានកែសម្រួលពីស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨៖៤៥នាទីកន្លងទៅ ស្របតាមការឯកភាពគ្នារវាងកម្ពុជានិងថៃ លើផែនការជាដំណាក់កាលនៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។