អាជ្ញាធរមីនកម្ពុជា សម្តែងការសោកស្តាយចំពោះផ្សព្វផ្
សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី
KCSM 2025-11-11 09-44pm
(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា បានសម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាថា បានប្រើប្រាស់ និងដាក់មីនថ្មី ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ បង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិថា ជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល។
អាជ្ញាធរមីនកម្ពុជា ចាត់ទុកការចោទប្រកាន់គ្មានមូលដ្ឋាននេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។
អាជ្ញាធរមីនកម្ពុជា បានអះអាងថា ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ៅ) កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា ហើយកម្ពុជាបាន ចាត់ទុកសកម្មភាពមីន ជាការចូលរួមចំណែកក្នុងការកសាងសន្តិភាព និងជាស្នូលនៃការអភិវឌ្ឍជាតិ។ កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ទទូចដល់ភាគីថៃចៀសវាងការយកបញ្ហាផ្ទុះមីន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ព្រំដែន ដែលបានធ្វើឱ្យទាហានថៃពីរនាក់រងរបួស ជាមូលហេតុនៃការផ្អាកអនុវត្តជា ឯកតោភាគី នូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕