សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៦ចំណុច ដល់និពន្ធនាយកសារព័ត៌មាន បន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព
KCSM 2025-12-19 03-51
pm
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់អនុសាសន៍សំខាន់ៗ ចំនួន ៦ចំណុច ដល់លោក លោកស្រី និពន្ធនាយកសារព័ត៌មាន បន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព សំដៅពង្រឹងការគ្រប់គ្រងអង្គភាព លើកកម្ពស់ការអនុវត្តក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានឱ្យបានល្អប្រសើរ តាមរយៈការពង្រឹងគុណវុឌ្ឍ និងវិជ្ជាជីវៈសារព័ត៌មានឱ្យបានជាប្រចាំ។
អនុសាសន៍សំខាន់ៗទាំង ៦ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ សម្រាប់លោក លោកស្រី និពន្ធនាយកសារព័ត៌មាន បន្តយកចិត្តទុកដាក់អនុវត្តមានដូចជា៖
១៖ សូមលើកកម្ពស់មនសិការស្នេហាជាតិ និងត្រូវបន្តចូលរួមឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិការពារអធិបតេយ្យនិងបូរណភាពទឹកដី រក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
២៖ ត្រូវពង្រឹងការគ្រប់គ្រងអង្គភាព លើកកម្ពស់ការអនុវត្តក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានឱ្យបានល្អប្រសើរ និងត្រូវពង្រឹងគុណវុឌ្ឍ និងវិជ្ជាជីវៈសារព័ត៌មាន តាមរយៈការរៀបចំ និង/ឬ ចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលឱ្យបានជាប្រចាំ។
៣៖ ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចុះយកព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន អនុវត្តតាមការណែនាំរបស់សមត្ថកិច្ចពាក់ព័ន្ធ និងមិនត្រូវផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មាន បំភ្លៃ ដែលបង្កឱ្យស្ថានភាពជម្លោះកាន់តែមានភាពតានតឹងជាឧបសគ្គដល់កិច្ចសន្ទនាស្វែងរកសន្តិភាព។
៤៖ រាល់ការផ្សព្វផ្សាយព័ត៌មាន ជាពិសេសព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមានសមត្ថកិច្ចឱ្យបានហ្មត់ចត់ ចៀសវាងការផ្សព្វផ្សាយព័ត៌មានខុសឬមិនពិត ព័ត៌មានប្រឌិតញុះញង់បញ្ឆេះកំហឹងជាតិសាសន៍ និងពង្រីកបញ្ហាជម្លោះឱ្យកាន់តែធំធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ ការបំបែកបំបាក់សាមគ្គីជាតិនិងឯកភាពជាតិ ឬបង្កឱ្យមានការភាន់ច្រឡំ ក្នុងចំណោមសាធារណជនជាតិ-អន្តរជាតិ។ រាល់ការផ្សាយនិងចែករំលែកព័ត៌មាន ត្រូវធានាថានឹងមិនធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ឬបង្កការរំខានដល់ការបំពេញបេសកកម្មរបស់កងទ័ពជួរមុខឡើយ។
៥៖ សូមបន្តណែនាំ និងពង្រឹងស្មារតីវិជ្ជាជីវៈបន្ថែម ដោយមិនត្រូវធ្វើការផ្សព្វផ្សាយ និងចែករំលែក ព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោបករណ៍ ព្រមទាំងការសម្ងាត់របស់កងទ័ព ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិនិង បង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។ សូមពង្រឹង និងយកចិត្តទុកដាក់តាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការ ជាពិសេសប្រភពពីអ្នកនាំពាក្យក្រសួងការពារជាតិដែលនឹង ផ្តល់ព័ត៌មានជាប្រចាំពីការវិវត្តនៃស្ថានការណ៍។
៦៖ សូមរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចែករំលែកបន្តនូវសារមួយចំនួនដែលផ្សព្វផ្សាយពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មានដោយគ្មានប្រភពច្បាស់លាស់។ ក្នុងកាលៈទេសៈនេះ សូមបន្តតាមដាន និងទទួលនូវព័ត៌មានពីប្រភពផ្លូវការនានា ជាពិសេសក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ព័ត៌មានពិត និងមានប្រភពច្បាស់លាស់ពីសមរភូមិមុខ និងពីអាជ្ញាធរខេត្តពាក់ព័ន្ធ។ ជាមួយគ្នានេះសូមបងប្អូន ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ដែលតែងតែប្រកាន់ នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២៥ នឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ដើម្បីបន្តជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន មួយកម្រិតថែមទៀត៕