ក្រសួងការពារជាតិ ច្រានចោលការផ្សព្វផ្សាយរបស់សារព័ត៌មាន Amarin News ដែលចោទប្រកាន់ថាកម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេស មកជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
KCSM 2025-12-11 02-59pm
(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានចេញមកច្រានចោល ការផ្សព្វផ្សាយរបស់សារព័ត៌មាន Amarin News ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូន អត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោលនូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថា «ជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ»។
កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធ កាន់តែសាហាវមកលើកម្ពុជា៕