ស្នងការខេត្តកណ្តាល៖ ផលិតផលចំនួន៤ មុខក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនLove Riya Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់
KCSM2025-08-20 02-19pm
កណ្តាល ៖ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២០ខែសីហានេះ បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា សូមជម្រាបជូនសាធារណៈជន និងបងប្អូនក្នុងបណ្តាញសង្គមដើម្បីជូនជ្រាប។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សង្កេតឃើញថា ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្រ្តីនគរបាលជំនាញ ។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សូមបញ្ជាក់ថា ផលិតផលចំនួន៤ មុខក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនខាងលើ Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានថ្លែងថា ជារួមគួរនាំគ្នាអាណិតដល់អ្នកជឿចាញ់បោក ខំប្រឹងរកលុយមកទិញផលិតផលរបស់ក្រុមហ៊ុនខាងលើយកមកប្រើប្រាស់ ដែលប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានស្នើសុំឲ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននឹងកំពុងបំពុលសង្គម ។

