🔊ខ្មែរអាចធ្វើបាបថៃផ្នែកសេដ្ឋកិច្ចបាន ដោយគ្រាន់តែឈប់ទិញនិងប្រើប្រាស់ផលិតផលថៃ ហើយទិន្នន័យខាងក្រោមនេះអាចបញ្ជាក់យ៉ាងច្បាស់ផងដែរ ។
KCSM2025-08-20 07-42pm
🔊ខ្មែរអាចធ្វើបាបថៃផ្នែកសេដ្ឋកិច្ចបាន ដោយគ្រាន់តែឈប់ទិញនិងប្រើប្រាស់ផលិតផលថៃ ហើយទិន្នន័យខាងក្រោមនេះអាចបញ្ជាក់យ៉ាងច្បាស់ផងដែរ។ មុនពេលមានវិវាទព្រំដែន កម្ពុជាគឺជាភ្ងៀវដ៏សំខាន់បំផុតមួយរបស់ថៃ។ តាមរបាយការណ៍របស់វិទ្យាស្ថានត្រួតពិនិត្យភាពស្មុគស្មាញនៃសេដ្ឋកិច្ច នៅក្នុងឆ្នាំ ២០២៣ ថៃបាននាំចេញទំនិញទៅកម្ពុជា មានតម្លៃ ៦.១៩ ពាន់លានដុល្លារ។ មុខទំនិញធំៗរួមមានប្រេង (១.៧ ពាន់លានដុល្លារ), មាស (៣៦២ លានដុល្លារ) និងស្ករសុទ្ធ (៣៥១ លានដុល្លារ)។ នៅក្នុងឆ្នាំ ២០២៤ ការនាំចេញរបស់ថៃទៅកម្ពុជាកើនឡើងដល់ ៩.២៣ ពាន់លានដុល្លារ។ ក្រៅពីនេះ កម្ពុជាគឺជាអតិថិជនធំលំដាប់ទី១១របស់ប្រទេសថៃ នៅក្នុងពិភពលោក ដោយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃប្រហែល ១០.៤ ពាន់លានដុល្លារ។ ឧទាហរណ៍ច្បាស់ជាងគេគឺ ប្រេងឥន្ធនៈ។ នៅក្នុងឆ្នាំ ២០២៤ ថៃបានលក់ប្រេងឲ្យកម្ពុជាចំនួន ២.២៨ ពាន់លានលីត្រ មានតម្លៃជាង ១.៤៨ ពាន់លានដុល្លារ។ នោះមានន័យថា ១/៥ (២១.១%)នៃការនាំចេញប្រេងរបស់ថៃ បានយកមកកម្ពុជាដាច់តែម្តង ធ្វើឲ្យកម្ពុជាក្លាយជាអតិថិជនធំ (លេខរៀងទី ២) បន្ទាប់ពីសិង្ហបុរី។ ទិន្នន័យនេះបង្ហាញច្បាស់ថា តម្លៃទីផ្សារកម្ពុជា សំខាន់យ៉ាងណាសម្រាប់ថៃ ព្រោះវាចំណេញលុយពីយើងច្រើនណាស់។
ក្នុងអំឡុងពេលមានសង្គ្រាម សេដ្ឋកិច្ចថៃបានរងផលប៉ះពាល់ភ្លាមៗ។ តាមរយៈ Nation Thailand នៅខែមិថុនា ឆ្នាំ ២០២៥ ការនាំចេញរបស់ថៃទៅកម្ពុជាត្រូវបានថយចុះ ២៣.៨% ចុះត្រឹម ២៧៧ លានដុល្លារប៉ុណ្ណោះ។ ទំនិញថៃគ្រប់ប្រភេទជួបការលំបាក៖ ទឹកដោះគោ UHT និងទឹកសណ្តែកថៃធ្លាក់ចុះ ២៣.៦% ភេសជ្ជៈប៉ូវកម្លាំងនិងសូដាថៃធ្លាក់ចុះ ២៤.៥% ខណៈទឹកដោះគ្មានគ្រែមក៏ធ្លាក់ ១៧.៩%។ សូម្បីផលិតផលកសិកម្មក៏រងគ្រោះដែរដូចជា កាហ្វេថៃក៏ធ្លាក់ចុះ ២៥.៦% ដោយសារការត្រួតពិនិត្យតឹងរឹងនៅតាមច្រកព្រំដែន។ តាមរបាយការណ៍ GDCE របស់កម្ពុជា នាខែកក្កដា ឆ្នាំ២០២៥ ការនាំចូលពីថៃរបស់កម្ពុជា បានធ្លាក់ចុះ ៤៤% នៅត្រឹម ១៦៦ លានដុល្លារ បើប្រៀបធៀបទៅនឹង ២៩៧.៤ លានដុល្លារក្នុងខែកក្កដា ឆ្នាំ ២០២៤។ ការនាំចេញរបស់កម្ពុជាទៅថៃក៏ធ្លាក់ចុះ ៣១.៣%ដែរ ប៉ុន្តែអ្នករងគ្រោះធ្ងន់ជាងគេគឺខាងថៃ យោងតាម Kiripost។
ក្រៅពីម្ហូបអាហារ និងភេសជ្ជៈ កម្ពុជាក៏បញ្ឈប់ការនាំចូលប្រេង និងឧស្ម័នពីថៃទាំងស្រុងក្នុងខែមិថុនា ឆ្នាំ ២០២៥ យោងតាមព័ត៌ មានពី អាល់ជាស៊ីរ៉ា។ វាគឺជាការបិទទីផ្សារចំណូលធំមួយរបស់ថៃ ដែលមានតម្លៃ ១.៤៨ ពាន់លានដុល្លារ (តួលេខពីឆ្នាំ ២០២៤)។ ការបិទនេះក៏ត្រូវបានបន្ថែមជាមួយ ការហាមឃាត់រឿងភាគ និងភាពយន្តថៃ និងការប្តូរទិសចរន្តអ៊ីនធឺណិតអន្តរជាតិ មិនឲ្យឆ្លងកាត់ថៃ។ យោងតាមព័ត៌មាន AP News វាអាចធ្វើឲ្យថៃខាតបាត់បង់លុយ “រាប់រយលានដុល្លារ”។ ក៏ដូចជាការទិញទំនិញប្រចាំថ្ងៃ ក្រុមហ៊ុនថៃនៅកម្ពុជាក៏រងការរង្គោះរង្គើផងដែរ។ ឧទាហរណ៍៖ក្រុមហ៊ុនភីធីធី ដែលជាក្រុមហ៊ុនថាមពលរដ្ឋាភិបាលថៃ ដែលមានស្ថានីយប្រេងជាង ១៨៦ នៅកម្ពុជា ពីមុនមានអតិថិជនប្រចាំថ្ងៃប្រមាណ ៥០០ នាក់ តែឥឡូវមានត្រឹម ១២ នាក់ប៉ុណ្ណោះ ធ្លាក់ចុះជាង ៩៧% យោងតាម Nation Thailand។ ហាងកាហ្វេ Amazon ក៏រងបញ្ហានៃការធ្វើពហិការបស់ប្រជាជនខ្មែរដូចគ្នា។
អ្នកសេដ្ឋកិច្ចថៃបានគណនាពីផលប៉ះពាល់រួចហើយ។ រដ្ឋាភិបាលថៃគណនាថា ត្រឹមតែ ៥ ថ្ងៃដំបូងនៃសង្គ្រាម វាបានខាតយ៉ាងហោចណាស់អស់ ៣០០ លានដុល្លារ។ ប្រសិនបើបន្តអស់រយៈពេលមួយខែ វាអាចខាតដល់ ១.៨៧ ពាន់លានដុល្លារ ហើយបើបន្ត ៣ ខែ អាចខាតដល់ ៥.៣ ពាន់លានដុល្លារ ដោយគណនាតាម Elite Plus Magazine។ អ្នកជំនាញក៏ព្រមានថា ប្រសិនបើស្ថានភាពអូសបន្លាយលើសពី ៦ ខែ ថៃអាចនឹងបាត់បង់លុយរាប់រយពាន់លានបាត និងបាត់បង់សេដ្ឋកិច្ចការនាំចេញរយៈពេលវែងទៅកម្ពុជា ព្រោះកម្ពុជាអាចនឹងផ្លាស់ប្តូរទៅរកអ្នកផ្គត់ផ្គង់ថ្មី។
ការព្យាករណ៍អនាគតរបស់សេដ្ឋកិច្ចថៃគឺកាន់តែវេទនា។ អ្នកសេដ្ឋកិច្ចថៃ អាត ពិសាលវនិច្ឆ័យ បានព្រមានថា ប្រសិនបើទំនាក់ទំនងពាណិជ្ជកម្មរវាងថៃនិងកម្ពុជាមិនត្រឡប់ទៅសភាពធម្មតាវិញទេ ហើយកម្ពុជានៅតែបន្តយុទ្ធនាការ “មិនទិញទំនិញថៃ” ថៃអាចបាត់បង់រហូតដល់ ៧៥ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ជាពិសេសនៅពេលកម្ពុជាកំពុងប្តូរទៅនាំចូលទំនិញបន្ថែមពីចិន និងវៀតណាម ព្រមទាំងការធ្វើពហិកា ឈប់ទិញផលិតផលសំខាន់ៗរបស់ថៃ ដូចជា ប្រេងឥន្ធនៈ ឧស្ម័ន បន្លែ និងផ្លែឈើ។
ភស្តុតាងទាំងអស់នេះគឺច្បាស់ដូចថ្ងៃ ពោលគឺកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចថៃ ហើយការធ្វើពហិកាឈប់ទិញទំនិញថៃរបស់កម្ពុជាមានទម្ងន់លើសេដ្ឋកិច្ចថៃពិតប្រាកដមែន។ ថៃបានបាត់បង់លុយរាប់រយលានរួចហើយ ហើយអាចបាត់បង់លុយរាប់ពាន់លានបន្ថែមទៀត ប្រសិនបើការបិទព្រំដែន និងការពហិកា ឈប់ទិញផលិតផលថៃនៅតែបន្ត។ សម្រាប់កម្ពុជា ការរកអ្នកផ្គត់ផ្គង់ថ្មីគឺងាយស្រួលណាស់ ព្រោះចិន វៀតណាម និងប្រទេសផ្សេងទៀតគឺបានត្រៀមខ្លួនរួចរាល់ក្នុងការចូលមកជំនួស។ តែចំពោះថៃ កម្ពុជាគឺជាទីផ្សារដែលពិបាករកអ្នកជំនួសបានណាស់។ សរុបមក ការធ្វើពហិកា ឈប់ទិញទំនិញថៃដែលនាំចូលមកពីប្រទេសថៃមិនមែនជាការប្រឆាំងតាមអារម្មណ៍ប៉ុណ្ណោះទេ តែជាជំហានយុទ្ធសាស្ត្រដែលបង្វែរលុយរាប់ពាន់លានដុល្លារចេញពីសេដ្ឋកិច្ចថៃ ហើយបន្ថយឥទ្ធិពលរបស់ថៃលើកម្ពុជាផងដែរ។ យ៉ាងណាមិញ សូមប្រជាជនខ្មែរ កុំធ្វើការពហិកាឈប់ទិញផលិតផលថៃឬបរទេសណាមួយដែលផលិតនៅប្រទេសកម្ពុជា ព្រោះវាអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ហើយកម្មករកម្ពុជាអាចប្រឈមនឹងការបាត់បង់ការងារ ប្រសិនបើក្រុមហ៊ុនរកចំណូលមិនបានព្រោះតែមិនមានអតិថិជន។
អត្ថបទដោយ៖ ឃាង មួយហុង