ខេត្តព្រះវិហារ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជាសម្ភារៈប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព នៅក្នុងវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាសម្ភារៈប្រើប្រាស់មកចែកជូន សរុបមានចំនួន ១៧៣២គ្រួសារ (គ្រួសារចូលថ្មី ៥៣២គ្រួសារ) ក្នុងមួយគ្រួសារទទួលបាន មួយកញ្ចប់ (ដែលមានមុង១ ភួយ១ ខ្នើយ១ កន្ទេល១ សារ៉ុង១ ក្រម៉ា១) ចំពោះគ្រួសារចូលថ្មី ទទួលបាន២កញ្ចប់ ក្នុងមួយគ្រួសារ សរុបទាំងអស់ស្មើនឹង ២២៦៤កញ្ចប់(ឃីត)។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋ ១) សូមឱ្យបងប្អូនរស់នៅទីនេះ ថែរក្សាសុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ ២) សូមប្រើប្រាស់បន្ទប់អនាម័យគ្រប់ពេលវេលា និងចូលរួមសម្អាតទាំងអស់គ្នា ៣) សូមមានការប្រុងប្រយ័ត្ន ចំពោះកូនតូចៗ ទៅលេងទឹកអាចមានគ្រោះថ្នាក់ ៤)សូមឱ្យបងប្អូនគេងក្នុងមុងឱ្យបានត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ដែលជារដូវវស្សា។
ជាមួយគ្នានោះដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីសុខាភិបាល ត្រូវបង្កើន និងបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាសុខភាព ជូនបងប្អូននៅទីនេះឱ្យបានខ្ពស់ ជាពិសេសផ្នែកសង្រ្គោះ ការពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ និងការបញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យតាមស្ថានការណ៍ចាំបាច់៕
Hi, this is a comment.
To get started with moderating, editing, and deleting comments, please visit the Comments screen in the dashboard.
Commenter avatars come from Gravatar.