ចិនកា-ត់ទោសប្រ-ហារជីវិ-តសមាជិក១១នាក់ នៃក្រុមឧក្រិ-ដ្ឋជនដែលបង្កើតសំបុកឆបោកអនឡាញ នៅប្រទេសមីយ៉ាន់ម៉ា
KCSM 2025-09-30 05-57pm
(ប៉េកាំង)៖ កាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា តុលាការនៅប្រទេសចិន បានកាត់ទោសប្រហារជីវិតសមាជិកចំនួន១១នាក់ នៃក្រុមឧក្រិដ្ឋជនមួយ ដែលបានបង្កើតសំបុកប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅឯតំបន់ Kokang នៃប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំប្រទល់ជាមួយប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
បទល្មើសឆបោកអនឡាញ បានរីកស្គុសស្គាយ នៅតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ហើយមានបុគ្គលិកជាជនបរទេស ដែលជាច្រើននាក់គឺជាជនជាតិចិន។ ពួកគេភាគច្រើនត្រូវបានជួញដូរ រួចហើយបង្ខំឱ្យធ្វើសកម្មភាពបោកប្រាស់យកលុយពីអ្នកដទៃ តាមប្រព័ន្ធអនឡាញ ដើម្បីបម្រើឧស្សាហកម្មខុសច្បាប់មួយនេះ ដែលរកចំណូលបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ មួយរយៈចុងក្រោយនេះ ចិនបានបង្កើនកិច្ចសហប្រតិបត្តិការជាលំដាប់ ជាមួយបណ្តាប្រទេសនៅតំបន់អាស៉ីអាគ្នេយ៍ ដើម្បីបង្រ្កាបបទល្មើសប្រភេទនោះ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសចិនវិញ។
កាលពីថ្ងៃចន្ទ តុលាការនៅទីក្រុង Wenzhou បាននិយាយថា ក្រុមឧក្រិដ្ឋជនធំមួយ ដែលគ្រប់គ្រងដោយលក្ខណៈគ្រួសារ បានប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ រួមជាមួយបទល្មើសដទៃទៀតដូចជាជួញដូរគ្រឿងញៀន រៀបចំសេវាពេស្យាចារ និងបង្កើតកាស៉ីណូ ជាដើម ចាប់តាំងតែពីឆ្នាំ២០១៥មក។ បើតាមតុលាការ ក្រុមឧក្រិដ្ឋជននោះ ក៏បានសម្លាប់មនុស្សសរុប១៤នាក់ ផងដែរ។
ទន្ទឹមគ្នា ក្រៅពី១១នាក់ដែលត្រូវបានប្រហារជីវិត សមាជិក៥នាក់ទៀត ក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរ ប៉ុន្តែដោយមានការព្យួររយៈពេល២ឆ្នាំ ខណៈនៅក្នុងប្រទេសចិន ទោសប្រហារជីវិតដោយមានការព្យួរបែបនេះ គឺជាធម្មតាក្រោយផុតរយៈពេលព្យួរ គឺវានឹងត្រូវសម្រាលទៅជា ទោសជាប់ពន្ធនាគារមួយជីវិតវិញ។ មិនតែប៉ុណ្ណោះ ជនសង្ស័យ២៣នាក់ផ្សេងទៀត ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារសម្រាប់រយៈពេលខុសៗគ្នា ក្នុងនោះ១១នាក់ជាប់មួយជីវិត ខណៈប៉ុន្មាននាក់ផ្សេងទៀត ត្រូវជាប់ចាប់ពីចន្លោះ៥ឆ្នាំ ដល់២៤ឆ្នាំ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍កាលពីខែមេសា ឆ្នាំនេះ របស់អង្គការសហប្រជាជាតិ (UN) ពួកក្រុមឧក្រិដ្ឋជន កំពុងរកចំណូលបានរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ តាមរយៈការប្រព្រឹត្តអំពើឆបោកអនឡាញ។ UN បានវាយតម្លៃថា មនុស្សខ្ទង់សែននាក់ កំពុងធ្វើការបម្រើឧក្រិដ្ឋកម្មឆបោកអនឡាញ នៅទូទាំងពិភពលោក ខណៈគិតត្រឹមខែមេសា មនុស្សប្រហែល៧០០០នាក់ មកពីប្រទេសសរុបយ៉ាងហោចជាង២០ ត្រូវបានធ្វើមាតុភូមិវត្តន៍ ចេញពីមីយ៉ាន់ម៉ា៕