គួរអោយមោទនភាពណាស់កម្ពុជា ! អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាត់ថ្នាក់លេខ៩ ធំជាងគេ និងជាស្ថាបត្យកម្មដ៏មានឥទ្ធិពលក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោក, ចំណាយទឹកប្រាក់សាងសង់ ២១៥០លានដុល្លារអាមេរិក

គួរអោយមោទនភាពណាស់កម្ពុជា ! អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាត់ថ្នាក់លេខ៩ ធំជាងគេ និងជាស្ថាបត្យកម្មដ៏មានឥទ្ធិពលក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោក, ចំណាយទឹកប្រាក់សាងសង់ ២១៥០លានដុល្លារអាមេរិក


KCSM2025-09-15 07-59pm

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកសាងឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ២០២០ ដោយស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ប្រមាណ៩០% ជាកូនខ្មែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយជើងហោះហើរដំបូងគេគឺ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្នុងគម្រោងវិនិយោគរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដោយទុនវិនិយោគគឺជារបស់ជនជាតិខ្មែរ១០០% ដោយដំបូងឡើយគ្រោងចំណាយលើការសាងសង់ប្រមាណ ១,៥០០លានដុល្លារអាមេរិក ប៉ុន្តែការចំណាយជាក់ស្តែងកើនឡើងដល់ជាង ២,១៥០លានដុល្លារអាមេរិក (២,១៥ប៊ីលានដុល្លារ)។ រចនា និងសាងសង់ឡើងដោយក្រុមហ៊ុនល្បីៗពហុជាតិ ដែលក្នុងនោះរួមមាន ស្ថានីយអ្នកដំណេីរគូសប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករជនជាតិអង់គ្លេស និងគ្រប់គ្រងការសាងសង់ជារួមដោយក្រុមហ៊ុន OCIC។
អាកាសយានដ្ឋានអន្តរជាតិតេជោ ដ៏ធំប្រណិតនេះត្រូវបានសាងសង់ឡើងលើផ្ទៃដី ២,៦០០ហិកតា ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ ដែលមានទីតាំងប្រហែល២០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលជាកម្រិតខ្ពស់បំផុត ហើយអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។

អាកាសយានដ្ឋាននេះត្រូវបានរំពឹងថា ប្រើប្រាស់បុគ្គលិកមិនក្រោម ១,០០០នាក់ ដែលភាគច្រើនជាជនជាតិខ្មែរ។ ក្រុមហ៊ុន សូស៊ីយេតេ កុងសេស្បូនែរ ដីឡាអេរ៉ូព័រ (SCA) ត្រូវបានជ្រើសរើសដើម្បីគ្រប់គ្រងសេវាកម្មនានាក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសារបទពិសោធន៍ក្នុងការគ្រប់គ្រងអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ អស់រយៈពេលប្រមាណ៣០ឆ្នាំ។

តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០២៥។ ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០លាននាក់នៅឆ្នាំ២០៣០។ ដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់នៅឆ្នាំ២០៥០។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ទាំងក្នុងស្រុក និងក្រៅស្រុក ដែលកំពុង​​​ប្រតិបត្តិការ​តភ្ជាប់​ការ​ហោះហើរ​ត្រង់ ​មក​កាន់​អាកាសយានដ្ឋានអន្តរជាតិ​​តេជោ ចំនួន២៨ ក្រុមហ៊ុន ក្នុងនោះ​ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤ និង ក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន ២៤។ នៅខែតុលាខាងមុខនេះ អាចនឹងមានក្រុមហ៊ុន ២ទៀតភ្ជាប់ជើងហោះហើរមកកម្ពុជា គឺក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ របស់អេមីរ៉ាតអារ៉ាប់រួម និងក្រុមហ៊ុនអាកាសចរណ៍តួកគី៕

Leave a Reply

Your email address will not be published. Required fields are marked *