-ត-ករ បា-ញ់ Charlie kirk ជាសិស្សពូកែជាប់អាហារូបករណ៍ ! តើខ្មា-ន់កាំ-ភ្លើងបា-ញ់ស-ម្លា-ប់លោក Charlie Kirk មានប្រវត្តិដូចម្ដេច?

ឃា-ត-ករ បា-ញ់ Charlie kirk ជាសិស្សពូកែជាប់អាហារូបករណ៍ ! តើខ្មា-ន់កាំ-ភ្លើងបា-ញ់ស-ម្លា-ប់លោក Charlie Kirk មានប្រវត្តិដូចម្ដេច?


KCSM 2025-09-13 09-34pm

(វ៉ាស៊ីនតោន)៖ នៅពេលមានអាយុ១៨ឆ្នាំ យុវជន Tyler Robinson បានមើលឃើញពន្លឺអនាគតដ៏ត្រចះត្រចង់នៅចំពោះមុខរូបគេ។ យុវជនមកពីរដ្ឋ Utah រូបនេះទទួលបានពិន្ទុ ខ្ពស់ក្នុងការប្រឡងចូលរៀនសាកលវិទ្យាល័យដោយទទួលបានអាហាររូបករណ៍រៀនដោយមិនបាច់បង់ប្រាក់រយៈពេល ៤ឆ្នាំ នៅឯសាកលវិទ្យាល័យ Utah State University នៅក្នុងទីក្រុង Logan។ យុវជនរូបនេះបានធ្វើឱ្យឪពុកម្ដាយបងប្អូន និងមិត្តភក្តិមានមោទនភាពយ៉ាងខ្លាំង។

ប៉ុន្តែ៤ឆ្នាំក្រោយ ពោលគឺកាលពីថ្ងៃទី៩ ខែកញ្ញា យុវជន Robinson បែរជាក្លាយជាឃាករដៃឆាវម្នាក់ឡើងទៅលើដំបូលអគារមួយ ដើម្បីលបបាញ់សម្លាប់មនុស្សជំនិតម្នាក់របស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Charlie Kirk។ ក្រុមអ្នកស៊ើបអង្កេតកំពុងបន្តការស៊ើបអង្កេតរបស់ពួកគេស្វែងរកមូលហេតុថាតើហេតុអ្វីបានជាយុវជនរូបនេះ បាញ់សម្លាប់លោក Kirk ខណៈមូលហេតុជាក់លាក់នៅពីក្រោយការធ្វើឃាតនេះនៅមិនត្រូវបានកំណត់នៅឡើយទេ ក្រោយ Robinson ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា។

អភិបាលរដ្ឋ Utah លោក Spencer Cox បានប្រាប់ក្រុមអ្នកសារព័ត៌មានថាសមាជិកម្នាក់នៃគ្រួសាររបស់ជនសង្ស័យខាងលើដែលត្រូវបានប៉ូលិសសួរចម្លើយបាននិយាយថា Robinson បាននិយាយពីពេលថ្មីៗនេះអំពីកាលបរិច្ឆេទចូលរួមរបស់លោក Kirk នៅឯពិធីសំណេះសំណាលមួយនៅឯសាកលវិទ្យាល័យ Utah Valley University ជាទីដែលរូបលោកត្រូវបានបាញ់សម្លាប់។ «ពួកគេបាននិយាយអំពីថាតើហេតុអ្វីបានជាពួកគេមិនចូលចិត្តលោក Kirk និងទស្សនៈយល់ឃើញរបស់លោក»។ នេះជាការបញ្ជាក់របស់ លោក Cox ដោយមិនបានបញ្ជាក់អ្វីលម្អិតឡើយ។
តាមសមាជិកគ្រួសាររបស់ Robinson ប៉ុន្មានឆ្នាំចុងក្រោយនេះរូបគេក៏ចាប់ផ្ដើមខ្វាយខ្វល់តែខ្លាំងពីនយោបាយផងដែរ ខណៈអាជ្ញាធរបាននិយាយថារូបគេបានឆ្លាក់អក្សរដែលទំនងជា សារប្រឆាំងរបបហ្វាស៊ីសនៅលើសំបកគ្រាប់កាំភ្លើងដែលប៉ូលិសបានរកឃើញជាមួយកាំភ្លើងរបស់ជនសង្ស័យ។ បច្ចុប្បន្ន Robinson មានអាយុ២២ឆ្នាំ ត្រូវបានឃាត់ខ្លួនពី បទមនុស្សឃាតមានស្ថានទម្ងន់ទោស និងបទចោទជាច្រើនផ្សេងទៀត។ យុវជនរូបនេះមិនធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសឡើយ ហើយបើតាមកំណត់ត្រាចុះឈ្មោះបោះឆ្នោត Robinson បានចុះបញ្ជីឈ្មោះបោះឆ្នោត តែមិនបានចុះបញ្ជីគាំទ្រគណបក្សនយោបាយណាមួយនោះទេនៅក្នុងសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ Robinson ក៏ជាអ្នកបោះឆ្នោតម្នាក់ដែលមិនសកម្មទៀតផង ដែលនេះមានន័យថារូបគេមិនបានចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២៤ ដែលលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានយកឈ្នះលើលោកស្រី Kamala Harris មកពីគណបក្សប្រជាធិបតេយ្យនោះទេ។

នៅមុនពេលការបាញ់ប្រហារកើតឡើង Robinson បានស្នាក់នៅក្នុងផ្ទះគ្រួសាររបស់យុវជនរូបនេះក្នុងទីក្រុងវ៉ាស៊ីនតោន ហើយរូបគេបានបើករថយន្ដមួយគ្រឿងម៉ាក Dodge Challenger ពណ៌ប្រផេះមួយគ្រឿងឆ្ពោះទៅកាន់កន្លែងធ្វើសកម្មភាពបាញ់ប្រហារកាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា។ Robinson ត្រូវចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយមិនមានការបាញ់តដៃអ្វីទេ បន្ទាប់ពីឪពុករបស់គេបានហៅទូរស័ព្ទទៅកាន់មិត្តភក្តិម្នាក់ ដែលជាគ្រូបង្រៀនសាសនាគ្រិស្ត ហើយអ្នកទាំងពីរ បានព្យាយាមរំងាប់អារម្មណ៍របស់​ជនសង្ស័យ។ បន្ទាប់ពីនោះ ពួកគេក៏បានទាក់ទងទៅកាន់ប៉ូលិសអាមេរិក រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ។
*​ រៀនពូកែ តែចូលរៀនសាកលវិទ្យាល័យបានមួយរយៈពេលខ្លី
Robinson បានបញ្ចប់ការសិក្សាពីវិទ្យាល័យ Pine View High School ក្នុងទីក្រុង St. George រដ្ឋ Utah កាលពីឆ្នាំ២០២១។ វីដេអូមួយបង្ហោះលើអនឡាញស្ដីពីពិធី បញ្ចប់ការសិក្សាបានបង្ហាញថាយុវជន Robinson កាន់សញ្ញាប័ត្រនៅក្នុងដៃនៅលើឆាក អមជាមួយការទះដៃសាទរពីអ្នកចូលរួម។ Robinson បានចូលរៀននៅសាកលវិទ្យាល័យ Utah State University ក្នុងទីក្រុង Logan បានតែមួយឆមាសប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីសាកលវិទ្យាល័យ។ មិនមានការបញ្ជាក់ណាមួយថាតើហេតុអ្វីបានជា Robinson បោះបង់ការសិក្សានៅសាកលវិទ្យាល័យនេះនោះទេ តែសាលា Dixie Technical College ជាសាខាមួយសាកលវិទ្យាល័យរដ្ឋក្នុងរដ្ឋ Utah បានអះអាងថា Robinson គឺជានិសិ្សតឆ្នាំទី៣របស់ខ្លួនផ្នែកអគ្គិសនី។

Robinson មានប្អូនប្រុស២នាក់ និងមានម្ដាយជាអ្នកធ្វើការងារសង្គមនៅឯក្រុមហ៊ុនថែទាំសុខភាពមិនរកប្រាក់កម្រៃមួយ រីឯឪពុកជាថ្នាក់ដឹកនាំក្នុងក្រុមហ៊ុនមួយ។ នៅក្នុងការបង្ហោះ លើអនឡាញរបស់ម្ដាយ Robinson ប៉ុន្មានឆ្នាំមកនេះដែលភាគច្រើនត្រូវបានលុបកាលពីថ្ងៃសុក្រ បានបញ្ជាក់ពីឯកសារធ្វើដំណើរទៅកាន់រដ្ឋ Alaska, សមុទ្រ Caribbean និង Disneyland ព្រមទាំងបង្ហាញមោទនាភាពចំពោះកូនប្រុសទាំង៣។ តែមិនមាននិយាយពីនយោបាយទេ។ បន្ថែមពីលើនេះ ក្នុងការបង្ហោះមួយផ្សេងទៀតបានបង្ហាញ Robinson និងប្អូនប្រុសរបស់ខ្លួន មានម្ដងនោះកាន់កាំភ្លើង បើទោះជាវាមិនមែនជារឿងចម្លែកនៅក្នុងរដ្ឋមួយដែលអនុញ្ញាតឱ្យប្រើកាំភ្លើង។

Robinson ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ័ បន្ទាប់ពីរត់គេចខ្លួនអស់៣៣ម៉ោង ក្រោយបាញ់សម្លាប់លោក Kirk។ ដំបូងឡើយមានមនុស្ស២នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ តែក្រោយមកត្រូវបានដោះលែងវិញ។ យុវជនរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំង Utah County ក្នុងទីក្រុង Spanish Fork ស្ថិតនៅចម្ងាយប្រហែល១៩គីឡូម៉ែត្រពី ភាគខាងត្បូងនៃសាកលវិទ្យាល័យជាទីដែលលោក Kirk ត្រូវបានបាញ់សម្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *