ការនាំចូលទំនិញពីថៃមកកម្ពុជា ក្នុងខែសីហាឆ្នាំ២០២៥ មានតម្លៃជាង ២១៣លានដុល្លារថយចុះ ២៩.១%
KCSM2025-09-10 04-41pm
(ភ្នំពេញ)៖ ការនាំចូលទំនិញពីថៃមកកម្ពុជា ក្នុងរយៈពេលមួយខែសីហា ក្នុងឆ្នាំ២០២៥នេះ តម្លៃជាង ២១៣លានដុល្លារថយចុះ ២៩.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានតម្លៃ ៣០១លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ។
ចាប់តាំងពីកើតមានជម្លោះព្រំដែនរវាងប្រទេសទាំង ដែលឈានទៅដល់ការបិទព្រំដែនជាឯកតោភាគីពីថៃ និងការផ្ទុះអាវុធមក ការធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរ បានបង្ហាញពីការធ្លាក់ចុះជាបន្តបន្ទាប់។ តែយ៉ាងណាបើធៀបរវាងសីហា ខែកក្កដា ឆ្នាំ២០២៥ ការនាំចូលទំនិញពីថៃមកកម្ពុជា ហាក់កើនឡើងបន្តិច ដោយកាលពីខែកក្កដា ថៃចូលមកក្នុងទំហំ ១៦៦លានដុល្លារ ហើយខែសីហានេះការនាំចូលបានកើនឡើងមកតម្លៃ ២១៣លានដុល្លារ។
ចំណែកការនាំចេញពីកម្ពុជាទៅថៃវិញ ក្នុងខែសីហាសម្រេចបាន ៤៦លានដុល្លារ ថយចុះ៣៦.២% ខណៈក្នុងខែកក្កដាមានតម្លៃជាង ៤០លានដុល្លារ។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានតម្លៃ ២.៦ពាន់លានដុល្លារ ថយចុះ៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃមានតម្លៃជាង ៥៣៤លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាមានតម្លៃ២.១ពាន់លានដុល្លារ៕
ប្រភព:fresh news